30 C
Phnom Penh
ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024
spot_img

ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បណ្ណសម្គាល់ជនមានពិការភាព»

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ជូនដល់ជនមានពិការភាពនៅកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី និងលោកនាយកប្រចាំប្រទេសអង្គការយូនីសេហ្វ (Unicef) លោក វីល ផាកស៍ ព្រមទាំងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក IGOR DRIESMANS។

លោក ជា សុមេធី បានកោតសរសើរចំពោះអង្គការយូនីសេហ្វ សហភាពអឺរ៉ុប អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ទាំង២៥ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាលាក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ ដែលតែងតែរួមសហការគ្នាជាមួយក្រសួង ដែលមានអគ្គនាយកដ្ឋានស្តារសម្បទា និងនាយកដ្ឋានសុខុមាលភាពជនពិការ ជាសេនាធិការក្នុងការអនុវត្តការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជូនដល់ជនមានពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

លោក ជា សុមេធី អះអាងថា ការផ្តល់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ននេះ ជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយក្រសួងបានផលិតបណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២២២ ១៤៨បណ្ណ។

លោកបន្តថា ថ្វីត្បិតតែក្រសួងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយ ក៏ជនមានពិការភាពនៅមានឧបសគ្គជាច្រើនទៀត ដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ត្រូវបន្តជំរុញក្រសួង ស្ថាប័ន និងវិស័យឯកជន ឱ្យទទួលជនមានពិការភាពចូលបម្រើការងារតាមអត្រា កំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។

ទន្ទឹមនេះដែរត្រូវ រៀបចំនីតិវិធីអន្តរាគមន៍លើសេវាយុត្តិធម៌ដល់ជនមានពិការភាព ក្នុងនោះមាន ការទទួលបណ្ដឹងតវ៉ា និងដោះស្រាយសំណូមពររបស់ជនមានពិការភាព និងបន្តជំរុញការងារបណ្ដុះបណ្តាលវិជ្ជាជីវៈ ការផ្តួចផ្តើមមុខរបប និងផ្គូរផ្គងការងារជូនជនមានពិការ ភាពគ្រប់ប្រភេទ៕

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន